កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង ជាប្រទេសដាច់ដោយឡែកមួយ ដែលដឹកនាំដោយមេដឹកនាំផ្ដាច់ការលោក គីម ជុងអ៊ុន ហើយក៏កម្របានលឺនូវព័ត៌មាន ឬស្ថានភាពសង្គមផ្សេងៗពីប្រទេសនេះដូចគ្នា។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះព័ត៌មានស្តីពីឃាតកម្ម លើបងប្រុសឪពុកតែមួយរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ឈ្មោះ គីម ជុងណាម បានធ្វើឲ្យសាធារណជន ងឿងឆ្ងល់ពីការស្លាប់នេះ ខណៈដែលគីម ជុងណាម ត្រូវបានគេសម្លាប់នៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ដោយប្រើប្រាស់ម្ជុលពិសកាលពីថ្ងៃច័ន្ទ ស្របពេលដែលគាត់កំពុងរៀបនឹងត្រលប់ទៅផ្ទះនៅទីក្រុង ម៉ាកាវវិញ ដែលជាកន្លែងតែមួយគត់ដែលមានរដ្ឋាភិបាលចិន ជាអ្នកការពារគាត់។
លើសពីនេះទៅទៀត ឃាតករក៏ត្រូវបានគេ កំណត់អត្តសញ្ញាណបានខ្លះ តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលប៉ូលិសម៉ាឡេស៊ីបានឃាត់ស្រី្តវ័យ ២៨ឆ្នាំម្នាក់នៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃពុធនេះដោយសង្ស័យថាជាឃាតករ ដែលស្ត្រីរូបនោះកាន់លិខិតឆ្លងដែនវៀតណាម ឈ្មោះ Doan Thi Huong ។ ខណៈដែលស្ត្រីសង្ស័យម្នាក់ទៀតកំពុងត្រូវប៉ូលិសតាមរក។
គួរបញ្ជាក់ផងដែរថា គីម ជុងណាម ជាកូនប្រុសចាស់ជាងគេ ក្នុងចំណោមកូនមេដឹកនាំ គីម ជុងអ៊ីល ដែលជាឪពុកគីម ជុងអ៊ុន។ គីម ជុងណាម ត្រូវបានគេនិរទេសចេញពីប្រទេសក្នុងឆ្នាំ ២០០១ ខណៈដែលគាត់ត្រូវបានគេព្យាយាមសម្លាប់តាំងតែពីពេលដែលគីម ជុងអ៊ុន ឡើងកាន់អំណាចក្នុងឆ្នាំ ២០១១៕


ប្រភព ៖ បរទេស
EmoticonEmoticon