Friday, February 17, 2017

លោកត្រាំ នៅតែបន្តប្រើទូរស័ព្ទចាស់របស់គាត់ បើទោះបីជាមានការជំទាស់ ពីជំនួយការរបស់លោក

អាមេរិក៖ សារព័ត៌មានទូរស័ព្ទដ៏ធំ PhoneArena បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក នៅតែបន្តប្រើទូរសព្ទផ្ទាល់ខ្លួនរបស់លោកម៉ាក Samsung Galaxy ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដដែល បើទោះបីមានការជំទាស់ពីជំនួយការរបស់លោកក៏ដោយ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលដែលក្លាយជាប្រធានាធិបតីហើយ ការពិតទៅ លោក ដូណាល់ ត្រាំ គួរតែផ្លាស់ប្តូរមកប្រើទូរស័ព្ទដូចគ្នានឹងទូរស័ព្ទរបស់លោក បារ៉ាក់ អូបាម៉ា ដែលបានប្រើ កាលពីពេលគាត់នៅកាន់តំណែង ក្នុងអាណត្តិទីពីរ គឺទូរស័ព្ទ Galaxy S4 ។
ទូរស័ព្ទម៉ូដែល Samsung Galaxy S4 ដែលសម្រាប់លោក ដូណាល់ ត្រាំ យកទៅប្រើនោះ គឺត្រូវបានកែច្នៃឡើង ដើម្បីការពារសុវត្ថិភាពខ្ពស់បំផុត។ ទូរស័ព្ទនោះ មិនអាចទទួលការហៅចូលបានឡើយ ហើយថែមទាំងមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារ ឬថតរូបបានទេ។  ទូរស័ព្ទដែលត្រូវបានកែច្នៃដើម្បីការពារសុវត្ថិភាពនោះ មិនអាចដំណើរការជាមួយកម្មវិធីធម្មតារបស់ Android បានទេ ប៉ុន្តែវាអាចភ្ជាប់ទៅកាន់ប្រព័ន្ធ SIPRNet ឬប្រព័ន្ធសម្ងាត់របស់យោធាអាមេរិកបាន។
យើងមិនអាចស្តីបន្ទោសលោកប្រធានាធិបតី ចំពោះការចង់ប្រើប្រាស់ទូរស័ព្ទស្មាតហ្វួនផ្ទាល់ខ្លួន  ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជំនួសឲ្យការប្រើប្រាស់ទូរស័ព្ទដែលការពារសុវត្តិភាព Galaxy S4 នោះទេ។  ហើយអារម្មណ៍មួយនេះក៏ធ្លាប់មាននៅក្នុងចិត្តរបស់អតីតប្រធានាធិបតីលោក អូបាម៉ា ផងដែរ ដោយលោកធ្លាប់បាននិយាយនៅក្នុងកម្មវិធីតូចមួយកាលពីឆ្នាំ២០១៣កន្លងទៅថា “លោកចង់ឲ្យមានវត្តមានទូរស័ព្ទស្មាតហ្វូនដ៏ឡូយមួយនៅក្នុងសេតវិមាន”។
ប្រភពបន្តថា ដោយមិនខ្វល់ពីការកំណត់ និងបន្តប្រើទូរស័ព្ទ Android ផ្ទាល់ខ្លួនទៀតនោះ លោកដូណាល់ ត្រាំ នៅតែអាចបន្តការបង្ហោះសារលើបណ្តាញសង្គម Twitter របស់លោកបានជាបន្តទៀត។
គួរឲ្យដឹងដែរថា រាល់សារដែលបង្ហោះចេញពីគណនី Twitter របស់លោកត្រាំ មានពីរប្រភេទ គឺសារទីមួយសរសេរដោយលោកត្រាំផ្ទាល់ផ្ញើចេញតាមកម្មវិធី Twitter សម្រាប់ Android   និងសារមួយទៀតផ្ញើចេញពីកម្មវិធី Twitter សម្រាប់ iPhone ដែលគេជឿថា ការងារនេះកាន់ដោយជំនួយការដែលលោកជឿទុកចិត្តបំផុតផងដែរ៕ 
ប្រភព ៖ PhoneArena


EmoticonEmoticon